នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុខេត្តស្វាយរៀង
បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់បែបបទ នីតិវិធី
និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង
និងការអនុវត្តគោលការណ៍ឆន្ទៈល្អ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ
រាជធានីភ្នំពេញក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.)។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីវេជ្ជបណ្ឌិត ឱ
វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក កែ គី
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍,
លោក អ៊ុំ ម៉ារ៉ា
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, លោក លឹម ផាន់ភារៈ
អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នពាក់ព័ន្ធ,
អភិបាលរាជធានី
ខេត្ត លោកលោកស្រីអភិបាលរង រាជធានី ខេត្ត លោក-លោកស្រី
ប្រធានមន្ទីរអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិ, អ្នកឧកញ៉ា ឧកញ៉ា លោក-លោកស្រីអគ្គនាយក
អគ្គនាយិកាក្រុមហ៊ុនធុរកិច្ចឧស្សាហកម្ម គ្រឿង ស្រវឹង និងដៃគូពាក់ព័ន្ធទាំងអស់,
ភ្ញៀវជាតិ-អន្តរជាតិ
អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងភ្ញៀវកិត្តិយស។
នាឱកាសនោះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា
សិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់បែបបទ នីតិវិធី និងវិធានក្នុងការគ្រប់
គ្រង ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងការផ្សព្វផ្សាយគោលការណ៍ «ឆន្ទៈល្អ»
ធ្វើឡើងក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់
នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង តាមគ្រប់មធ្យោបាយ ប្រព័ន្ធផ្សព្វផ្សាយ
និងបណ្តាញទំនាក់ទំនងសង្គម ដើម្បី
លើកកម្ពស់ការអនុវត្តទីផ្សារប្រកបដោយការទទួលខុសត្រូវ
និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយផលប៉ះពាល់មក លើ សេដ្ឋកិច្ច
វប្បធម៌ ប្រពៃណីជាតិ ធានាបាននូវសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ
និងសុខដុមនីយកម្មនៅក្នុងសង្គមកម្ពុជា។
លោកនេត្រ ភក្ត្រា បានបន្តថា ការផ្សព្វផ្សាយគោលការណ៍ឆន្ទៈល្អដែលជាកាលានុវត្តន៍ថ្មីមួយក្នុងការផ្លាស់ប្តូរឥរិយាបទរបស់អ្នកផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងពីការប្រើប្រាស់រូបភាព
និងសារផ្សាយពាណិជ្ជកម្មរបស់ខ្លួនធំៗ ជំនួសមកវិញនូវការផ្សព្វផ្សាយរូបភាព
ឬសារអប់រំជាចម្បងនៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយធំៗ នៅតាមដងផ្លូវ
និងនៅតាមទីសាធារណៈនានា ហើយដាក់រូបភាព ផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង
ដែលគាំទ្រសារនោះមានទំហំតូចនៅខាងក្រោមសារអប់រំ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះដែរ
ប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង បានលើកឡើងថា
ការបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងក.គ.ផ.ស.
ជាសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងព័ត៌មានជាប្រធាន
និងការចេញនូវយុទ្ធសាស្ត្រ បែបបទនីតិវិធី
និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងគោលការណ៍ ឆន្ទៈល្អមិនមែនកើតចេញពីភាពចៃដន្យនោះទេ
គឺបន្ទាប់ពីកើតមានបាតុភាពនៃព្រឹត្តិការណ៍ផ្សាយផ្ទាល់របស់ប្រព័ន្ធផ្សព្វផ្សាយ
និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានធ្វើការផ្សាយផ្ទាល់ ដោយអញ្ជើញទស្សនិកជន
ឱ្យឡើងលើឆាកគាស់ក្រវិលកំប៉ុងគ្រឿងស្រវឹងទទួលទានលើសង្វៀនប្រដាល់នៅខេត្តបាត់ដំបង
ក្នុងចំណោមអ្នកឡើងគាស់ក្រវិលកំប៉ុងចំនួន៥នាក់ មានពីរនាក់ជាអនីតិជន
ដែលធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់មហាជន និងជាពិសេសករណីការបើកបរក្នុងស្ថានភាពស្រវឹង
បង្កគ្រោះថ្នាក់ចរាចរបណ្តាលឱ្យមានមនុស្សស្លាប់ជាញឹកញាប់ សម្តេចប្រមុខរាជរដ្ឋាភិបាល
បានណែនាំឱ្យក្រសួងព័ត៌មាន ធ្វើការសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ
រកវិធានការជាបន្ទាន់ ដើម្បីរៀបចំគ្រប់គ្រងសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឡើងវិញ៕